អង់គ្លេស៖ ខ្សែប្រយុទ្ធ Olivier Giroud បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ ក្លិប AC Milan ដោយនឹងផ្ទេរទៅក្នុងតម្លៃខ្លួន ៣.៥លានផោន(ស្មើនឹងប្រមាណ៤.៩លានដុល្លារ) និងចុះកុងត្រាចំនួន២ឆ្នាំ។
កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះទើបតែព្រមព្រៀងបន្តកុងត្រាជាមួយក្លិបតោខៀវ Chelsea ចំនួន១រដូវកាលថែមទៀតបន្ទាប់ពីគេរំពឹងទុកថា Giroud នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះដោយសារមិនសូវមាននាទីលេងប៉ុន្តែគេនៅតែអាចមានភាគរយក្នុងការផ្ទេរទៅទឹកដីអ៊ីតាលី។
សារព័ត៌មាន Calciomercato បានបង្ហើបឲ្យដឹងថាការចាកចេញរបស់ Giroud ពី Chelsea នៅតែអាចកើតឡើងបានដោយកីឡាករវ័យ៣៤ឆ្នាំរូបនេះថែមទាំងបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបយក្សនៅអ៊ីតាលីនេះទៀតផង។
គេនៅតែជឿជាក់ថា AC Milan នៅតែអាចទាក់ទាញចិត្តឲ្យ Olivier Giroud ចាកចេញពីទឹកដី Stamford Bridge ដោយសារអ្នកស្រី Marina Granovskaia បានសន្យាថាបើសិន Giroud ចាកចេញទៅលេងនៅលីគប្រទេសផ្សេងនោះគេអាចទៅដោយគ្មានតម្លៃខ្លួនបាន។
Giroud ក៏ធ្លាប់ចេញមុខកោតសរសើរក្លិប AC Milan ដែរថាជាក្លិបធំសម្បើមនិងសំខាន់មួយរបស់អ៊ីតាលីដែលមានន័យថាគេគ្មានបញ្ហាក្នុងការផ្ទេរទៅទីនោះ៕
ប្រភព៖ thesun