អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺ ខ្សែបម្រើ Sergio Busquets បានទទួលសំណើជាច្រើនពីក្លិបនៅលីគអាមេរិក (Major League Soccer) នៅរដូវក្ដៅនេះប៉ុន្តែគេនឹងមិនទាន់ចាកចេញពី Barcelona នៅរដូវកាលក្រោយនេះឡើយ។
បន្ទាប់ពីមើលឃើញសមត្ថភាពរបស់ កីឡាករស៊េរីរៀមច្បងរូបនេះនៅក្រុមជម្រើសជាតិអេស្ប៉ាញគឺ ក្លិបនៅអាមេរិកជាច្រើនដង្ហែគ្នាចូលមកចរចាដោយ Busquets រាងទោរទន់ទៅតាមដែរប៉ុន្តែគេប្ដេជ្ញាថានឹងស្នាក់នៅទឹកដី Camp Nou នៅរដូវកាល ២០២១-២០២២។
Sergio Busquets មានគម្រោងចង់ផ្ទេរទៅ MLS នៅឆ្នាំ២០២២ ឬ ២០២៣ ខណៈកុងត្រាជាមួយ Barcelona នឹងអស់សុពុលភាពនៅឆ្នាំ២០២៣ឯណោះ។
មានព័ត៌មានចចាមអារ៉ាមថា Barcelona គ្រោងនឹងបន្តកុងត្រាដល់ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះប៉ុន្តែក្លិបនឹងកាត់ប្រាក់ឈ្នួលរបស់គេចំនួន៥០ភាគរយឯណោះព្រោះវ័យរបស់គេកាន់តែចាស់ ម្យ៉ាងទៀតក្លិបក៏កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
កំលុងពេលនេះ Busquets ក្នុងនាមជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ កំពុងដឹកនាំក្រុមលេងនៅព្រឹត្តិការណ៍ Euro 2020 ដោយទើបតែទម្លាក់ស្វីស ឆ្លងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតជាមួយអ៊ីតាលី៕
ប្រភព៖ barcablaugranes