បរទេស៖ ក្លិបគីឡូធ្ងន់ Manchester City និង Barcelona ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ការផ្តាស់ប្តូរ Sergi Roberto អំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានតស៊ូជាមួយនឹងការរងរបួសអំឡុងពេលរដូវកាល ២០២០-២១ ដោយបង្ហាញខ្លួនបានត្រឹមតែ ២០ ប្រកួតប៉ុណ្ណោះនៅកម្រិតក្លឹបហើយគាត់មិនបានជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់យូរ៉ូ ២០២០ នេះឡើយដោយសារតែរបួស។
យោងតាមគេហទំព័រ Sport បានឲ្យដឹងថា អនាគតរបស់ Roberto នៅ Camp Nou នៅមិនទាន់ច្បាស់នៅឡើយទេដោយកុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើការពាររូបនេះនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ។
របាយការណ៍បានអះអាងថា Man City បានទាក់ទងជាមួយក្លិបយក្សកាតាឡាន់ Barcelona ដើម្បីសំដែងចំណាប់អារម្មណ៍របស់ពួកគេហើយភាគីទាំងបីបានបើកចំហចំពោះគំនិតនៃការផ្ទេរដែលកើតឡើងនៅក្នុងទីផ្សារនាពេលខាងមុខនេះ។
លោក Pep Guardiola ត្រូវបានគេនិយាយថាជាអ្នកកោតសរសើរលើ Roberto ដែលមានសមត្ថភាពអាចលេងបានយ៉ាងល្អទាំងផ្នែកខាងស្តាំនិងជាខ្សែបំរើកណ្ដាល។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេដឹងថាចង់នៅជាមួយ Barca ប៉ុន្តែនឹងយល់ព្រមដើរតាមក្លឹបម្ចាស់ជើងឯក Premier League បើសិនជា Barca ពិតជាចង់លក់ចេញមែននោះ ៕