បរទេស៖ លោក Roberto Martinez ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងពាក្យសម្តីផ្ទាល់មាត់ ក្នុងការមកដឹកនាំក្រុមជម្រើសជាតិ ព័រទុយកាល់ បន្តពីលោក Fernando Santos ហើយ។
ជាការពិតណាស់ ក្រោយដឹកនាំក្រុម ព័រទុយកាល់ បានរយៈពេល ៨ ឆ្នាំ, ថ្មីៗនេះលោក Santos បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមបញ្ចខែលឈ្នះពាន World Cup Qatar ២០២២ បាន។
បើយើងក្រឡេកមកមើលលោក Martinez វិញ លោកក៏ទើបតែបញ្ចប់តំណែងជាមួយក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ថ្មីៗនេះផងដែរ បន្ទាប់ពីព្រឹត្តិការណ៍ World Cup បញ្ចប់ ដោយក្នុងនោះលោកមិនអាចជួយឱ្យក្រុមរហស្សនាមបិសាចក្រហមឆ្លងផុតវគ្គចែកពូលបាននោះទេ។
យោងតាមការចុះផ្សាយរបស់កាសែត The Athletic បានឱ្យដឹងថា លោក Martinez និងក្រុមជម្រើសជាតិ ព័រទុយកាល់ គឺបានព្រមព្រៀងពាក្យសម្តីផ្ទាល់មាត់ជាមួយគ្នាហើយ ហើយសម្រាប់ការប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងសប្តាហ៍ក្រោយ៕
ប្រភព៖ Sportskeeda