អឺរ៉ុប៖ យោងតាមសេចក្តីរាយការណ៍ពីកាសែតរបស់ប្រទេស អេស្ប៉ាញ បានឱ្យដឹងថា តារាឆ្នើមរបស់ក្រុមReal Madrid កីឡាករ Raphael Varaneកំពុងមានបំណងចង់បដិសេធកុងត្រាថ្មីជាមួយក្លិបខណៈខ្សែការពារកណ្តាលរូបនេះគឺមានគោលដៅចង់ទៅលេងឱ្យក្លិប Manchester Unitedនៅរដូវក្តៅខាងមុខនេះវិញ។
គួររម្លឹកថា កាលពី ១០ ឆ្នាំមុន ក្រុមMan UTD និង Real Madrid ក៏ជាគូរប្រជែងនឹងគ្នាដែលចាប់អារម្មណ៍ចង់បាន Varane ផងដែរ ប៉ុន្តែក្លិបជើងឯក UCL ១៣សម័យ បានទាក់ទងយកខ្សែការពាររូបនេះទៅចូលរួមនៅប្រទេសអេស្ប៉ាញបានមុន។ ដោយសារមូលហេតុបែបនេះហើយទើបធ្វើឱ្យលោក Ferguson ខឹងយ៉ាងខ្លាំងដែលលោកមិនអាចចុះកុងត្រាយកខ្សែការពារខាងលើបាន ព្រោះលោកគិតថា ខ្សែការពារសញ្ជាតិបារាំងនឹងក្លាយជាចលកដ៏សំខាន់សម្រាប់ក្រុមបិសាចក្រហមហើយរូបគេនឹងអាចជំនួសដំណែងរបស់ Rio Ferdinand បាន។
ជាការពិតណាស់ ក្រុមអធិរាជសពិតជាចង់រក្សា Varane ខ្លាំងណាស់ហើយបច្ចុប្បន្នក្លិបកំពុងតែបញ្ចុះបញ្ចូលឱ្យរូបគេបន្តកុងត្រាថ្មីឱ្យបានឆាប់មុនពេលដែលកុងត្រារបស់ខ្សែការពាររូបនេះនឹងផុតនៅរដូវក្តៅឆ្នាំក្រោយ។ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ ABC បានឱ្យថា ម្ចាស់ជើងឯកពានរង្វាន់ World Cup ២០១៨ កំពុងតែងរំអុកក្លិបដើម្បីបើកភ្លើងខៀវឱ្យរូបគេចាកចេញ ខណៈមកដល់ពេលនេះទៅហើយរូបគេមិនទាន់យល់ព្រមបន្តកុងត្រាថ្មីនៅឡើយទេ។
ក្នុងនោះដែរ ត្រូវបានគេអះអាងថា Varaneគឺមានបំណងចង់ទៅលេងឱ្យក្រុម ManchesterUnited វិញ ទន្ទឹមនឹងនេះ Man UTD ក៏គ្រោងចាយលុយធំដើម្បីនាំយកខ្សែការពារកណ្តាលរបស់ក្រុម អធិរាជស រូបនេះក្នុងកិច្ចព្រមព្រៀងរយៈពេលវែងផងដែរ។ ប៉ុន្តែយ៉ាងណា ក្រុម Real Madridបានទាមទារតម្លៃផ្ទេរប្រមាណជា ៦០ លានផោន ។ យ៉ាងណាមិញប្រសិនបើខាងក្រុមបិសាចក្រហមទុកពន្យាពេលឱ្យដល់ ១ ឆ្នាំទៀត នោះពួកគេនឹងចំណេញដោយអាចទទួលបានការផ្ទេរក្នុងតម្លៃទាបជាងនេះ៕
ប្រភព៖ Express