អឺរ៉ុប៖ មួយរយៈចុងក្រោយនេះប្រិយមិត្ដបាល់ទាត់ភាគច្រើនហាក់ចាប់អារម្មណ៍ខ្លាំង ជុំរឿងរ៉ាវរបស់ Kylian Mbappe និងការផ្លាស់មកកាន់ Real Madrid។ តែទោះជាយ៉ាង ក្រុមអេស្ប៉ាញមួយនេះ ក៏កំពុងជិតឈានដល់ការចុះហត្ថលេខាលើមិត្ដរួមក្រុមជម្រើសជាតិបារាំងរបស់ Mbappe ម្នាក់ផងដែរ។
បច្ចុប្បន្ន RealMadrid កំពុងចរចាជាមួយក្រុម Rennes នៃក្របខណ្ឌLigue 1 ជុំវិញការផ្ទេរយកខ្សែបម្រើ Eduardo Camavinga។
កីឡាករវ័យ ១៨ឆ្នាំ ដែលនឹងផុតកុងត្រាជាមួយក្លិបនៅបារាំងនាឆ្នាំក្រោយបានស្ថិតនៅលើរ៉ាដារបស់ក្លិបជាច្រើននៅរដូវក្ដៅនេះ រួមទាំងក្លិប PSG ជាដើម។ តែទន្ទឹមនឹងនេះក្រុមអធិរាជស ជិតដល់ការផ្ទេរយករូបគេក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។
យោងតាមប្រភពផ្សេងៗនៅប្រទេសបារាំង បានឲ្យដឹងថាការចរចាកំពុងស្ថិតក្នុងដំណើរល្អ និងឆាប់រហ័ស ហើយកីឡាកររូបនេះគ្រោងនឹងធ្វើតេស្ដសុខភាពផងដែរ៕
ប្រភព៖ marca