បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅទិញយក Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ដើម្បីមកជំនួសកន្លែងរបស់ Cristiano Ronaldo។
កាលពីពេលថ្មីៗនេះ Ronaldo បានចែកផ្លូវគ្នាជាមួយ Man UTD ហើយ បន្ទាប់ពីក្លិបម្ចាស់ពានលីគកំពូល អង់គ្លេស ២០សម័យមួយនេះបានប្រកាសផ្តាច់កុងត្រារបស់ CR7 ភ្លាមៗ ក្រោយពេលរូបគេនិយាយវាយប្រហារក្លិប និងអ្នកចាត់ការលោក Erikten Hag មិនសំចៃមាត់នៅក្នុងបទសម្ភាសន៍ជាមួយលោក PiersMorgan។
យោងតាមការចុះផ្សាយរបស់កាសែត DailyMirror បានឱ្យដឹងថា Man UTD ពេលនេះកំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធវ័យ៣៧ ឆ្នាំខាងលើ ហើយតាមរបាយការណ៍ដដែលបានបន្ថែមថា គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតគឺពួកគេចាប់អារម្មណ៍ចង់បាន Mbappe ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ ២៣ ឆ្នាំ។
ដោយឡែកគោលដៅផ្សេងទៀត ពួកគេក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធផ្សេងផងដែរដូចជាHarry Kane របស់ Tottenham Hotspur,Lautaro Martinez របស់ Inter Milan និង Victor Osimhen របស់ Napoli៕
ប្រភព៖ Sportbible