អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែត SkySports Italy បានឲ្យដឹងថា ក្លិបសេដ្ឋីបារាំង Paris Saint-Germainកំពុងខិតជិតក្នុងការផ្ទេរយកអ្នកចាំទី GianluigiDonnarumma ពីក្លិប AC Milan ដោយគ្មានតម្លៃខ្លួន។
អ្នកចាំទីវ័យ២២ឆ្នាំ ខាងលើនឹងចាកចេញពី AC Milan ដោយពុំមានតម្លៃខ្លួននាដំណាច់ខែមិថុនានេះដោយសារតែរូបគេផុតកុងត្រាជាមួយក្លិបបិសាចក្រហមអ៊ីតាលី។
តាមពិតទៅក្លិប AC Milan ក៏មិនចង់បាត់បង់អ្នកចាំទីឆ្នើមរូបនេះដែរ ពោលបានព្យាយាមចរចាជាមួយភ្នាក់ងាររបស់Donnarumma លោក Mino Raiola អស់ជាច្រើនខែ ជុំវិញការបន្តកុងត្រាថ្មី ប៉ុន្តែមិនបានសម្រេច។
បើតាមប្រភពដដែល PSG បានផ្ដល់សំណើកុងត្រារយៈពេល៥ឆ្នាំដល់ Donnarumma ក្នុងនោះគេទទួលបានប្រាក់ពលកម្មចំនួន ១០,៣លានផោន(ឬប្រមាណ ១៤,៥ លានដុល្លារ) ក្នុង១ឆ្នាំ។
ជាមួយគ្នានេះ ក្លិប AC Milan ក៏បានស្វែងរកអ្នកជំនួស អ្នកចាំទីជម្រើសជាតិអ៊ីតាលីខាងលើផងដែរដោយក្លិបបាននាំយកកីឡាករ Mike Maignan ពីក្លិប ជើងឯកLigue 1 រដូវកាល២០២០ Lille ក្នុងតម្លៃ ១២,៩លានផោន(ឬប្រហែល ១៨លានដុល្លារ)៕
ប្រភព៖ skysports