អឺរ៉ុប៖ ខ្សែបម្រើ MiralemPjanic ត្រូវគេរាយការណ៍ថា បានយល់ព្រមកាត់ប្រាក់ខែឲ្យក្លិប Barcelonaមួយចំនួនធំ មុនពេលគាត់ត្រូវបានក្លិប ដាក់ឲ្យក្លិប Besiktas នៅប្រទេសតួកគីខ្ចីជើង។
ពិតណាស់ Pjanicទើបបានព្រមព្រៀងផ្លាស់ទៅលេងនៅក្របខណ្ឌ Super Lig របស់ប្រទេសតួកគីកាលពីថ្ងៃព្រហស្បត្ដិ៍ ដោយសារតែទីផ្សារដោះដូរនៅទីនោះ នៅបន្ដបើកទ្វាររហូតដល់ថ្ងៃទី៨ខែកញ្ញា។ ការផ្ទេរទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនេះ ពុំមានជម្រើសទិញដាច់ឡើយ។
យោងតាមសារព័ត៌មាន RAC1 បានឲ្យដឹងថា Pjanic បានយល់ព្រមកាត់ប្រាក់ខែ៦០% មុនពេលផ្លាស់ទៅលេងនៅក្លិប Besiktas នៅប្រទេសតួកគី ដែលក្លិបនេះគ្រោងនឹងចំណាយលើរូបគេចំនួន២.៣លានផោន (ឬប្រមាណ៣.១លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់រដូវកាល២០២១-២០២២។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទេរមកពីJuventusខ្សែបម្រើ Pjanic ទើបបង្ហាញខ្លួនឲ្យក្រុមរបស់លោកKeoman បាន ៣០លើកប៉ុណ្ណោះ ខណៈកុងត្រារបស់គាត់នៅសល់រហូតដល់ឆ្នាំ២០២៤៕
ប្រភព៖ sportsmole