អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាចង់ផ្ដាច់កុងត្រា ខ្សែប្រយុទ្ធ Erling Haaland ជាមួយ Manchester City ដែលមានតម្លៃ ១២៨លានផោន(ស្មើនឹងប្រមាណ ១៥៦.៥ លានដុល្លារ) នៅឆ្នាំ២០២៤ខាងមុខ ដើម្បីយកគេមកទឹកដី Santiago Bernabeu ។
នាពេលនេះ Haaland ដែលទើបប្រកាសបង្ហាញមុខជាកីឡាករ Manchester City ថ្មីៗគឺពុំទាន់បានចូលលេងប្រកួតដំបូងឲ្យភាគីលោក Pep Guardiola នោះឡើយខណៈធ្លាប់មានពាក្យចចាមអារ៉ាមថា Real Madrid ក៏ចង់បានគេដែរ។
សារព័ត៌មាន AS បានចុះផ្សាយថា Real Madrid បានត្រៀមប្រាក់សម្រាប់ផ្ដាច់កុងត្រាកីឡាករសញ្ជាតិន័រវេសនេះរួចជាស្រេច តែមិនមែនពេលបច្ចុប្បន្នទេ ពោលគឺនៅពេលដែលលក្ខខណ្ឌអាចផ្ដាច់កុងត្រាបាន ក្នុងរយៈពេល២ឆ្នាំទៀត ។
ភាគីលោក Carlo Ancelotti ទំនងជាចង់បាន Erling Haaland មកជំនួសកន្លែង Karim Benzema ដែលមានអាយុ៣៤ឆ្នាំទៅហើយ។
Haaland ជាខ្សែប្រយុទ្ធវ័យក្មេងដែលធ្លាប់រកបានដល់ទៅ៨៤គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួតឲ្យ Borussia Dortmund ៕
ប្រភព៖ sportskeeda