អឺរ៉ុប៖ សហព័ន្ធអន្តរជាតិផ្នែកប្រវិត្តិនិងស្ថិតិបាល់ទាត់ ហៅកាត់ថា IFFHS បានប្រកាសថា ខ្សែប្រយុទ្ធ Lionel Messi ជាប់ជាកីឡាករល្អបំផុត ប្រចាំឆ្នាំ២០២២។
Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឲ្យឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ ដោយសរុបមករូបគេរកបាន ៧គ្រាប់នៅព្រឹត្តិការណ៍នេះ ព្រមទាំងឈ្នះពានបាល់មាស ប្រចាំការប្រកួតបាល់ទាត់ពិភពលោកផងដែរ។
យោងតាម IFFHS គឺ Messi ទទួលបានដល់ទៅ ២៧៥ពិន្ទុ ខណៈលេខ២បានទៅលើ Kylian Mbappe ដែលទទួលបាន ៣៥ពិន្ទុ។ ចំណែកលេខ៣វិញ បានទៅលើ Karim Benzema ដែលជាម្ចាស់ពាន Ballon d'Or ឆ្នាំ២០២២ ទទួលបាន៣០ពិន្ទុ។
លេខ៤បានទៅលើ Luka Modric ទទួលបាន១៥ពិន្ទុ ហើយលេខ៥គឺ ខ្សែប្រយុទ្ធ Erling Haaland បាន៥ពិន្ទុ។
គួរបញ្ជាក់ផងដែរថា បើគិតពីការលេងនៅ Paris Saint-Germain វិញគឺ Lionel Messi រកបាន១២គ្រាប់ និងបញ្ជូនបាល់១៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៩ប្រកួតនៅរដូវកាលនេះ៕
ប្រភព៖ sportskeeda