អឺរ៉ុប៖ យោងតាមរបាយការណ៍នៅប្រទេសបារាំងបានឲ្យដឹងថាកីឡាករ Zlatan Ibrahimovic បានទាក់ទងទៅក្លិបParis Saint-Germain អំពីលទ្ធភាពនៃការវិលទៅលេងនៅទីនោះវិញនារដូវក្ដៅនេះមុនពេលព្រមបន្ដកុងត្រារយៈពេល១ឆ្នាំទៀត ជាមួយក្លិប AC Milan ។
កីឡាករវ័យ ៣៩ឆ្នាំរូបនេះ បានព្យាយាមរិះរកឳកាសត្រលប់ទៅទឹកដីបារាំងសាជាថ្មីដោយមានជំនួយពីភ្នាក់ងារផ្ទាល់ខ្លួន លោក Mino Raiola ដែលបានទាក់ទងនិងពិភាក្សាជាមួយប្រធានផ្នែកកីឡាកររបស់ក្លិប PSG លោក Leonardo ។ ប៉ុន្ដែ ដោយសារ Zlatan មិនមែនជាផែនការរបស់ក្លិបនោះទេដូច្នេះមិនមានការព្រមព្រៀងណាមួយកើតឡើងឡើយ។
គួររម្លឹកថា រយៈពេល៤ឆ្នាំនៅក្លិប PSG ចាប់ពីឆ្នាំ២០១២ ដល់ ២០១៦ ខ្សែប្រយុទ្ធ Zlatan ស៊ុតបញ្ចូលទីបាន១៥៦គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៨០ប្រកួត។ ក្នុងនោះ គាត់ឈ្នះបានពាន Ligue 1 ចំនួន៤ (រៀងរាល់រដូវកាល) និងជួយក្លិបឈ្នះពានរង្វាន់ផ្សេងៗមួយចំនួនទៀតផងដែរ៕
ប្រភព៖ dailymail