បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយ Al-Nassr នាការប្រកួតទល់នឹងក្រុម Al-Ta'ee នៃក្របខណ្ឌ Saudi Pro League នៅថ្ងៃព្រហស្បតិ៍នេះ ។
កាលពីយប់ថ្ងៃ អង្គារ៍ ទី ៣ កន្លងទៅ Ronaldo ត្រូវបានក្លិប Al-Nassr ប្រកាសបង្ហាញមុខជាផ្លូវការនៅកីឡដ្ឋាន Mrsool Park ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ ហើយបន្ទាប់មកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំក៏បានចាប់ផ្តើមការហ្វឹកហាត់ជាលើកដំបូងជាមួយមិត្តរួមក្រុមថ្មីនៅពេលនោះផងដែរ។
ប៉ុន្តែសម្រាប់ការរំពឹងទុកថានឹងអាចបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃ ព្រហស្បតិ៍ ល្ងាចនេះគឺមិនអាចកើតឡើងនោះទេ ដោយសារតែ Ronaldo គឺត្រូវបានសហព័ន្ធកីឡាបាល់ទាត់ អង់គ្លេស ដាក់ពិន័យមិនឱ្យចូលលេងចំនួន ២ ប្រកួត បន្ទាប់ពីគាត់បានបោកទូស័ព្ទរបស់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ កំលុងការប្រកួតរវាង Manchester United ទល់នឹង Everton កាលពីខែ វិច្ឆិការ កន្លងទៅ។
ទោះបីរឿងខាងបានកើតឡើងតាំងពីនៅ អង់គ្លេស ក្តី ប៉ុន្តែបើតាមច្បាប់ FIFA គឺបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកីឡាករណាដែលបានជាប់ពិន័យតាំងពីនៅក្លិបចាស់ ហើយមិនទាន់បានអនុវត្តន៍ នោះនឹងត្រូវយកអនុវត្តន៍នៅក្លិបថ្មីដែលកីឡាកររូបនោះទើបតែផ្ទេរមក៕
ប្រភព៖ Si.Com