បរទេស៖ ក្លិប Arsenal ត្រូវបានគេរាយការណ៍មកថាកំពុងតែដំណើរការលើកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង BukayoSaka, ដោយក្លិបចង់ឱ្យគេស្នាក់នៅទឹកដី Emirates Stadium រយៈពេល ៦ ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៧ ឯណោះ។
តារាឆ្នើមសញ្ជាតិ អង់គ្លេស ហាក់មានការរីកចម្រើនសមត្ថភាពខ្លាំងមែនទែនក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយនៅរដូវកាលនេះគេរកបានគ្រាប់បាល់ចំនួន៤ គ្រាប់ និងបញ្ជួនបាន ៤ លើកផងដែរ ក្រោយបង្ហាញខ្លួន ២០ ប្រកួតឱ្យក្រុម Arsenalគ្រប់កម្មវិធី។
គួររម្លឹកថា Saka ទើបតែបន្តកុងត្រាថ្មីជាមួយក្លិបកាលពីឆ្នាំមុនហើយទេ, ដោយពេលនោះភាគីទាំង២ បានយល់ព្រមលើកិច្ចព្រមព្រៀងកុងត្រាថ្មីរយៈពេល ៣ ឆ្នាំ ពោលគឺដល់ដំណាច់រដូវកាល២០២៣-២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីរាយការណ៍របស់អ្នកកាសែតដ៏ល្បីលោកEkrem Konur បានឱ្យដឹងថា Arsenal កំពុងមានការប្តេជ្ញាចិត្តដោយចង់ឱ្យ Saka ស្នាក់នៅទឹកដី Emirates ឱ្យបានយូរជាងនេះ, ដូច្នេះក្លិបគ្រោងបន្តកុងត្រាថ្មីលើកុងត្រាចាស់របស់គេរយៈពេល ៣ ឆ្នាំបន្ថែមទៀត ពោលគឺដល់ឆ្នាំ ២០២៧ តែម្តង៕
ប្រភព៖ Sportsmole