អឺរ៉ុប៖ គ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid លោក Carlo Ancelotti មិនអាចធានាថា Sergio Ramos នឹងស្នាក់នៅរដូវកាលក្រោយបានទេ។ គ្រូបង្វឹកជនជាតិអុីតាលីរូបនេះបានសង្កត់ធ្ងន់ថា គាត់មិនបាននិយាយជាមួយក្លិបអំពីកិច្ចសន្យារបស់ប្រធានក្រុម Real Madrid ដែលកិច្ចសន្យាមួយនេះនឹងត្រូវបញ្ចប់នៅចុងខែមិថុនានេះទេ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Ancelotti បាននិយាយថា “អ្វីដែលខ្ញុំដឹងគឺ Real Madrid នឹងចូលរួមប្រកួតទាំងអស់។ ហើយយើងនឹងធ្វើវាជាមួយក្រុមដែលល្អបំផុត។ ចំណែក Sergio ខ្ញុំទើបតែមកដល់ ហើយខ្ញុំត្រូវនិយាយជាមួយក្លិប។ យើងនឹងធ្វើវានៅប៉ុន្មានថ្ងៃខាងមុខទៀត។ ខ្ញុំមិនមានពេលនិយាយអំពីក្រុមទេ ខ្ញុំពិតជាចង់ត្រឡប់ទៅវិញ និងធ្វើការជាមួយកីឡាករមួយចំនួនដែលខ្ញុំបានធ្វើកាលពីអតីតកាល យើងមិនមានពេលវេលានិយាយអំពីរឿងនេះទេ។
ខ្ញុំស្រមៃមិនចេញទេថា Real Madrid នឹងគ្មាន Ancelotti តែវាក៏បានកើតឡើង។ ការវិលត្រឡប់នេះគឺលឿនណាស់យើងចាប់ផ្តើមពិភាក្សានៅថ្ងៃសៅរ៍ [២៩ ឧសភា]។ ខ្ញុំសន្យាថានឹងធ្វើដូចខ្ញុំកាលពីមុនដែរ គឺលេងឱ្យបានល្អ បាល់ទាត់កាន់តែខ្លាំងក្លាជាងមុន រៀបចំឱ្យកាន់តែខ្លាំង។ បាល់ទាត់ត្រូវតែវាយលុកនិងអស្ចារ្យ ព្រោះនោះជាអ្វីដែលប្រវត្តិសាស្ត្ររបស់ Real Madrid និងអ្នកគាំទ្រទាមទារ៕