អឺរ៉ុប៖ ក្លិប Napoli ត្រូវបានគេរាយការណ៍ថា កំពុងតែទាក់ទងទៅកាន់ Manchester United ជុំវិញលទ្ធភាពក្នុងការនាំយកខ្សែការពារ Eric Bailly មករួមក្រុមសម្រាប់ទីផ្សារដោះដូរកីឡាកករដូវក្តៅនេះ។
ជាការពិតណាស់ វាមិនមែនជារឿងចម្លែកនោះទេដែល Napoli ចាំបាច់ត្រូវតែស្វះស្វែងរកខ្សែការពារកណ្តាលថ្មី បន្ទាប់ពី Kalidou Koulibaly នឹងត្រូវផ្ទេរទៅកាន់ Chelsea នៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
បើយោងទៅតាមការចុះផ្សាយអ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Alfredo Pedulla បានលើកឡើងថា Napoli បានបើកកិច្ចចរចារជាមួយ Man Utd រួចទៅហើយក្នុងការទិញយក Bailly ខណៈ ក្រុមបិសាចក្រហម ក៏មានបំណងចង់លក់រូបគេចេញដូចគ្នា។ យ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកូឌីវ័រខាងលើ ក៏ត្រូវបានគេដឹងថា ពុំមានបំណងចង់ចាកចេញពីកីឡដ្ឋាន Old Trafford ឡើយ ដោយ រូបគេចង់ព្យាយាមម្តងទៀតដើម្បីទទួលបានកៅអីលេងក្រោមការដឹកនាំរបស់លោក Erik ten Hag៕
ប្រភព៖ sportskeeda