អង់គ្លេស៖ អ្នកចាំទី Edouard Mendy បានបដិសេធការបន្តកុងត្រាថ្មីរយៈពេល ៦ឆ្នាំជាមួយក្រុម Chelsea ពីព្រោះតែក្លិបមិនបានផ្តល់ប្រាក់ពលកម្មតាមអ្វីដែលរូបគេចង់បាន។
ជាការពិតណាស់ Mendy បានចូលរួមជាមួយក្រុមតោខៀវតាំងពីឆ្នាំ ២០២០ ដោយផ្ទេរចេញពីក្លិប Rennes ក្នុងតម្លៃ ២២លានអឺរ៉ូ ហើយរូបគេបានចូលរួមចំណែកជួយក្លិប Chelsea ឈ្នះ Champion League ឆ្នាំ ២០២១ និងឈ្នះពានរង្វាន់ស្រោមដៃមាស FIFA ឆ្នាំ ២០២១ ផងដែរ។ បន្តែតាំងពីលោក Graham Potter ចូលមកដឹកនាំ Chelsea រូបគេហាក់បីមិនសូវបានបង្ហាញខ្លួនលើទីលាននោះទេ ដោយក្នុងរដូវកាលនេះរូបគេទើបតែបង្ហាញខ្លួនបាន ១១ដងតែប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហាខាងលើ Mendy បានប្រាប់ The Sun ថាមូលហេតុដែលរូបគេមិនព្រមបន្តកុងត្រាថ្មីជាមួយ Chelsea ដោយសារតែរូបគេចង់បានប្រាក់ពលកម្មស្មើអ្នកចាំទី Kepa Arrizabalaga ដោយ ក្នុង ១សប្តាហ៍ Kepa ទទួលបានប្រមាណជា ២០០,០០០អឺរ៉ូ រីឯ Mendy ត្រឹម ១០០,០០០អឺរ៉ូតែប៉ុណ្ណោះ។
ដូច្នេះប្រសិនបើ Mendy ចាកចេញពី Chelsea នោះក្លិបដែលចង់បាមរូបគេមានដូចជា AC Milan, Monaco និង Nice ជាដើម ប៉ុន្តែកុងត្រាថ្មីរបស់គេកំពុងស្ថិតក្នុងការចរចារនៅឡើយ។
ប្រភព៖ All Football