អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺ លោក Ole Gunnar Solskjaer នឹងនៅតែបន្តដឹកនាំ Manchester United បន្ទាប់ពីដឹកនាំឲ្យក្រុមចាញ់ Liverpool យ៉ាងចាស់ដៃ ក្រោមលទ្ធផល ៥ ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅ។
បរាជ័យដ៏អាក្រក់បំផុតនេះបានធ្វើឲ្យតំណែងជាគ្រូបង្វឹករបស់ Solskjaer រង្គោះរង្គើស្របពេលលោកបានទទួលពាក្យរិះគន់ជាច្រើនពីអ្នកគាំទ្រ។
យ៉ាងណាមិញ ត្រកូល The Glazers ដែលជាម្ចាស់ក្លិប Man UTD បានធ្វើការកោះហៅថ្នាក់ដឹកនាំរបស់ក្លិបមកពិភាក្សាទាក់ទងនឹងអនាគតរបស់គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះនិងមូលមតិគ្នាសម្រេចថានឹងបន្តឲ្យលោកដឹកនាំក្រុម។
លោក Solskjaer នឹងរៀបចំក្រុមសម្រាប់ត្រៀមការប្រកួតទល់នឹង Tottenham Hotspur នាចុងសប្តាហ៍នេះ ប៉ុន្តែតំណែងជាគ្រូបង្វឹករបស់លោកនៅមិនទាន់ធានាថាសុវត្ថិភាពមួយរយភាគរយនោះទេ គឺត្រូវរង់ចាំមើលលទ្ធផលប្រកួតបន្តទៀតសិន។
សារព័ត៌មាន Sunsport បានចុះផ្សាយថា បើសិនក្លិបសម្រេចចិត្តបញ្ចប់តំណែង Solskjaer នោះលោកគ្រូបង្វឹក Antonio Conte ,Zinedine Zidane, Erik Ten Hag និង Brendan Rodgers ដែលជាគ្រូបង្វឹករបស់ Leicester សុទ្ធតែជាបេក្ខភាពគ្រូបង្វឹកដែលត្រូវពិចារណាយកមកជំនួសលោក៕
ប្រភព៖ thesun