អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ លោកគ្រូបង្វឹក Antonio Conte បានក្លាយជាគោលដៅចម្បងគេរបស់ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បន្ទាប់ពី អតីតគ្រូបង្វឹក Mauricio Pochettino ដែលដឹកនាំនៅ PSG ទំនងជាមិនអាចផ្ទេរមកដឹកនាំក្លិបចាស់វិញបាន។
យ៉ាងណាមិញ ម្ចាស់ក្លិប Spurs គឺ Daniel Levy គ្រោងនឹងបោះប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់លោកគ្រូ Conte បើសិនលោកគ្រូយល់ព្រមមកដឹកនាំ ដោយទទួលបានដល់ទៅ ១៥លានផោន(ស្មើនឹងប្រមាណ២១.១លានដុល្លារ) ក្នុងមួយឆ្នាំ នេះយោងតាមសារព័ត៌មាន The Mirror ។
បើលោកគ្រូព្រមទទួលការងារនេះ ចំនួនទឹកប្រាក់មហាសាលនេះនឹងអាចធ្វើឲ្យលោកគ្រូក្លាយជាគ្រូបង្វឹកទី២ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌ Premier League ខណៈដែលគ្រូបង្វឹកដែលរកប្រាក់ឈ្នួលបានច្រើនបំផុតនៅ PL ពេលនេះគឺ លោកគ្រូ Pep Guardiola នៃក្លិប Manchester City ដោយលោកគ្រូទទួលបានដល់ទៅ២០លានផោន(ស្មើនឹងប្រមាណ២៨.២លានដុល្លារ)។
លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool ឯណោះវិញក៏ទទួលបានប្រាក់ឈ្នួល១៥លានផោន(ស្មើនឹងប្រមាណ ២១.១លានដុល្លារ) ដែរដោយធ្លាប់ដឹកនាំឲ្យក្លិបឈ្នះពាន Premier League និង Champions League។
ប៉ុន្តែ គេមិនទាន់ដឹងទេថាលោកគ្រូបង្វឹក Antonio Conte ព្រមមកដឹកនាំ Spurs ឬយ៉ាងណានោះឡើយ ព្រោះលោកគ្រូចង់ឲ្យប្រាកដចិត្តថាក្លិបពិតជាមានឆន្ទៈទិញយកកីឡាករថ្មីៗតាមដែលលោកគ្រូស្នើសុំពិតមែន៕
ប្រភព៖ thesun