អឺរ៉ុប៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានចូលប្រជែងជាមួយក្លិបធំៗ ប្រជែងយកខ្សែការពារស្លាបស្ដាំរបស់ក្លិប Inter Milan កីឡាករ Achraf Hakimi។
ក្លិបជើងឯក Serie A រដូវកាល២០២០ មួយនេះ ត្រូវបានគេជឿជាក់ថា មានគម្រោងបញ្ចេញកីឡាករ ដើម្បីប្រមូលប្រាក់ឲ្យបានខ្ទង់៨០លានផោន។ ជាមួយគ្នានេះដែរ Inter បានដាក់តម្លៃខ្លួនHakimi ក្នុងចន្លោះ ៧០លានផោនហើយបើយោងតាមការចុះផ្សាយរបស់កាសែត Daily Mail ក្លិប Chelsea រួមជាមួយ Arsenalនិង Paris Saint-Germain សុទ្ធសឹងតែចង់បានជម្រើសជាតិម៉ារ៉ុករូបនេះ។
ក្នុងនោះសម្រាប់គ្រូបង្វឹកក្រុម Inter ថ្មី លោក Simone Inzaghi មិនមានបំណងលក់Hakimi នោះទេ ដោយចង់រក្សារូបគេ នៅជាមួយក្លិបយក្សអ៊ីតាលីនៅរដូវកាលក្រោយទៀត។
Hakimi គឺជាកីឡាករដែលបង្ហាញទម្រង់លេងបានលេចធ្លោកាលពីរដូវកាល ២០២០ កន្លងទៅថ្មីៗនេះ។ ក្នុងនោះ គេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ Interលើកពានលីគកំពូល Serie A ។
គួររម្លឹកដែរថា ខ្សែការពារស្លាបស្ដាំវ័យ២២ឆ្នាំខាងលើ បានផ្លាស់ពី Real Madrid មកចូលរួមជាមួយInter ក្នុងតម្លៃ៤០លានផោន ដោយបង្ហាញខ្លួនសរុបបាន៣៧ប្រកួតនៅ Serie Aស៊ុតបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង៕
ប្រភព៖ sportsmole