អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling នៃក្លិប Manchester City នឹងផ្លាស់ទៅចូលរួមជាមួយក្លិប Chelsea បើសិនលោក Thomas Tuchel សន្យាថានឹងឲ្យគេបានចូលលេងក្នុងក្រុមយ៉ាងទៀងទាត់។
Chelsea ត្រូវបានគេរាយការណ៍ថានឹងដាក់សំណើទឹកប្រាក់ខ្ទង់ ៦០លានផោន(ស្មើនឹងប្រមាណ ៧៣.៨ លានដុល្លារ)ទិញយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះខណៈដែល Sterling នឹងអស់សុពុលភាពកុងត្រាស្នាក់នៅទឹកដី Etihad នារដូវក្ដៅឆ្នាំក្រោយនេះហើយ។
Sterling ធ្លាប់ចង់ផ្លាស់ទៅលេងនៅប្រទេសអេស្ប៉ាញដូចជា Barcelona និង Real Madrid ប៉ុន្តែការផ្ទេរនោះមិនកើតឡើងទេដូច្នេះទើបគេសម្លឹងចង់ផ្លាស់ទៅក្លិបផ្សេងនៅក្របខណ្ឌ Premier League ដដែល។
Raheem Sterling បានជាប់ជម្រើស១១នាក់ដំបូងចំនួន៣២ប្រកួតនៅរដូវកាលមុន ខណៈដែលគេពុំបានចូលលេងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Real Madrid នោះឡើយ។
Chelsea ឯណោះវិញចង់បាន Sterling មកពង្រឹងតំបន់ប្រយុទ្ធស្របពេលអនាគតកីឡាករមួយចំនួនដូចជា Hakim Ziyech, Romelu Lukaku និង Christian Pulisic មានភាពមិនច្បាស់លាស់៕
ប្រភព៖ metro