បរទេស៖ ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថា បានបើកភ្លើងខៀវឲ្យ ខ្សែប្រយុទ្ធ Erling Braut Haaland ជ្រើសរើសក្លិបថ្មីរបស់គេ នៅចុងខែមករានេះ។
ជាការពិតណាស់ Haaland បានផ្លាស់ពីក្លិប RB Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមករា ឆ្នាំ ២០២០ ហើយគិតមកទល់ពេលនេះគេបង្ហាញខ្លួនបាន ៧៥ប្រកួត និង រកបាន៧៦គ្រាប់ ហើយលើសពីនេះផងដែរ Haaland ក៏មានឈ្មោះក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ដោយតម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។
បើយោងទៅតាមសារកាសែត Marca បានចុះផ្សាយថា Haaland ត្រូវបានក្លិប Dortmund ឲ្យរៀបចំ និង សម្រេចចិត្តពីអនាគតរបស់គេ នៅចុងខែមករា ស្របពេលដែលក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City, និង Chelsea៕
ប្រភព៖ dailymail