បារាំង៖ អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Paris Saint Germain នឹងមិនទាក់ទងទៅកាន់លោក Jose Mourinho ដើម្បីជំនួសតំណែងរបស់លោក Mauricio Pochettino ឡើយ។
ជាការពិតណាស់ កាលពីរដូវកាលបញ្ចប់ទៅថ្មីៗនេះ លោក Pochettino ទទួលរងនូវសម្ពាធខ្លាំងមែនទែន តាមរយៈការដឹកនាំក្លិបឈ្នះពានរង្វាន់ Ligue 1 មួយប៉ុណ្ណោះ ខណៈ គោលដៅដែលក្លិបចង់បានបំផុត នោះ គឺ Champions League ប៉ុន្តែ ផ្ទុយទៅវិញលោកដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Real Madrid។ លើសពីនេះទៀតសោត រូបលោកក៏ត្រូវបានគេដឹងថានឹងត្រូវបាន PSG បញ្ចប់តំណែងក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។
សម្រាប់អ្នកដែលត្រៀមជំនួសតំណែងរបស់លោក គឺ មិនមែនជាលោក Mourinho ឡើយ ដោយ បេក្ខភាពបច្ចុប្បន្នដែលកំពុងឈានមុខគេនោះ គឺ ជាលោក Christophe Galtier បច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិប Nice៕
ប្រភព៖ Fabrizio Romano