អង់គ្លេស៖ ខ្សែប្រយុទ្ធ Christian Pulisic ត្រូវបានគេរាយការណ៍ កំពុងសុំ Chelsea ឲ្យដាក់លក់រូបគេ ហើយ ក្លិបនឹងយល់ព្រមក្នុងករណីគេផ្លាស់ទៅក្រុមផ្សេងក្រៅពីលីគអង់គ្លេស ព្រមទាំងអាចលក់បានក្នុងកញ្ចប់ទឹកប្រាក់ ៤២លានផោន (ឬប្រមាណ៥៦លានដុល្លារ)។
ជាការពិតណាស់ កីឡាករសញ្ជាតិអាមេរិកខាងលើ រីករាយក្នុងការលេងឲ្យ Chelsea មែនទែននៅក្នុងរដូវកាលដំបូងរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយ រូបគេតែងតែទទួលបានការបង្ហាញខ្លួនជាជម្រើសដំបូង។ យ៉ាងណាក្តី ដោយសារបញ្ហារបួសបានធ្វើឲ្យរូបគេខកខានជួយក្រុមរហូតដល់ទៅ១៤ប្រកួតហើយនៅក្នុងរដូវកាលនេះ និង ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងបានពីរប្រកួតប៉ុណ្ណោះ ហើយ ក្រោយជាសះស្បើយពីរបួស លោក Thomas Tuchel ក៏បានមើលរំលងគេផងដែរ ដោយលោកពេញចិត្តនឹងការលេងរបស់ Callum Hudson-Odoi ជាង។
បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Pulisic មានអារម្មណ៍ថា ហត់នឿយនឹងរង់ចាំឱកាស ហើយ រូបគេ និង ភ្នាក់ងារ កំពុងពិភាក្សាជាមួយថ្នាក់លើដើម្បីសុំចាកចេញពីក្លិប។ ការសំណូមពរក៏ត្រូវបាន Chelsea បើកភ្លើងខៀវផងដែរ ប៉ុន្តែ ក្លិបបានដាក់លក្ខខណ្ឌ ថា រូបគេអាចចាកចេញបានលុះត្រាតែផ្ទេរចេញទៅកាន់ក្រុមផ្សេងក្រៅពីលីគអង់គ្លេស ហើយ ក្លិបអាចទទួលបានប្រាក់ចំនួន៤២លានផោន៕
ប្រភព៖ metro