អឺរ៉ុប៖ ក្លិប Borussia Dortmund បានបដិសេធភ្លាមៗនូវសំណើរបស់ Chelsea ដែលចង់ប្តូរកីឡាកររបស់ខ្លួនពីរនាក់ទៅដើម្បីយក Erling Haaland មករួមក្រុម។
ជាការពិតណាស់ កីឡាករសញ្ជាតិន័រវែស ខាងលើ ជាគោលដៅដែលលោក Thomas Tuchel ចង់បានបំផុតក្នុងរដូវក្តៅនេះដើម្បីយកមកសម្រួចតំបន់ប្រយុទ្ធនៅក្នុងក្រុម ស្របពេលដែលម្ចាស់ក្លិបលោក Roman Abramovich ក៏ចង់បាន Haaland មកកាន់កីឡដ្ឋាន Stamford Bridge ដូចគ្នា។
យ៉ាងណាក្តី Dortmund ត្រូវបានគេរាយការណ៍ថា នឹងរក្សា Haaland ចំនួនមួយរដូវកាលទៀតប្រសិនបើមិនមានក្លិបណាមួយហ៊ានឲ្យតម្លៃរហូតដល់ទៅ១៥០លានផោន ស្របពេល Chelsea បានសាកល្បងដាក់សំណើរលើកទីមួយតាមរយៈការដោះដូរ Tammy Abraham និង Callum Hudson-Odoi ទៅកាន់ទឹកដីអាល្លឺម៉ង់ ប៉ុន្តែ ត្រូវបាន Dortmund និយាយថាអត់ដាច់ខាត៕
ប្រភព៖ metro