បរទេស៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Haaland ត្រូវបានរាយការណ៍ថា បានយល់ព្រមចុះកិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លិប Manchester City ហើយ។
ជាការពិតណាស់ Haaland ទំនងជាមិនបន្តស្នាក់នៅជាមួយក្លិប Borussia Dortmund ទៀតទេ នៅរដូវក្តៅខាងមុខនេះ។ លើសពីនេះទៅទៀត មានក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City, និង Chelsea ជាដើម។ គួរបញ្ជាក់ ផងដែរថា តម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។
បើយោងទៅតាមសារកាសែតរបស់គេហទំព័រ ៤៣៣ បានចុះផ្សាយឲ្យដឹងថា Man City យល់ព្រមចុះកិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Haaland រួចរាល់ស្រេច ហើយពួកគេនឹងគិតគូបង់ប្រាក់ផ្តាច់កុងត្រា នៅក្នុងសប្តាហ៍នេះ៕