អង់គ្លេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិប Chelsea បានរៀបចំចែកផ្លូវគ្នាជាមួយកីឡាករ Hakim Ziyech ក្នុងតម្លៃសមស្របមួយនៅរដូវកាលបន្ទាប់។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិម៉ារ៉ុក រូបនេះបានផ្ទេរមកកាន់ទឹកដី Stamford Bridge ក្នុងតម្លៃប្រមាណជា ៣៦ លានផោន ឬស្មើនឹង (៥០ លានដុល្លាអាមេរិក) កាលពីរដូវក្តៅមុនដែលពេលនោះស្ថិតក្នុងការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Frank Lampard។
ជាការពិតណាស់ នារយៈពេលកន្លងមក Ziyechរកគ្រាប់បាល់បានត្រឹមតែ ៦ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានត្រឹមតែ៤ លើកប៉ុណ្ណោះ ហើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ ChampionsLeague ក៏ត្រូវបានគ្រូបង្វឹកបច្ចុប្បន្នលោក ThomasTuchel មើលរំលងផងដែរ, ដែលជានិច្ចជាកាលគេលេងត្រឹមតែជាកីឡាករបម្រុងប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមតោខៀវបានត្រៀមដាក់លក់កីឡាករ១០ រូបនារដូវក្តៅខាងមុខនេះរួចទៅហើយ, ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត Calciomercatoបានឱ្យដឹងថា ក្រុម Chelsea បានរៀបចំចែកផ្លូវជាមួយកីឡាករម្នាក់ទៀតនោះគឺកីឡាករ HakimZiyech ដោយពេលនេះក្រុមតោខៀវ កំពុងតែរង់ចាំការដាក់សំណើពីក្លិបផ្សេងៗហើយប្រសិនបើមានការផ្តល់ជូនសមរម្យណាមួយនោះក្លិបនឹងពិចារណាលើការផ្ទេរចេញភ្លាម។
តាមរបាយការណ៍ដដែលបានអះអាងថា ក្លិប Milanនិង Napoli កំពុងតែតាមដាន Ziyech យ៉ាងយកចិត្តទុកដាក់, ខណៈដែលខ្សែប្រយុទ្ធរូបនេះគឺនៅសល់កុងត្រាជាមួយក្រុមតោខៀវរហូតដល់ទៅ៤ ឆ្នាំទៀតឯណោះ៕
ប្រភព៖ Express