អង់គ្លេស៖ សារព័ត៌មាន Daily Mail បានចុះផ្សាយថាបើ ក្លិប Manchester United ទិញបានខ្សែប្រយុទ្ធ Antony ពី Ajax នោះក្លិបនឹងឲ្យ Anthony Elanga ចាកចេញទៅលេងខ្ចីជើងនៅក្លិបផ្សេង។
ថ្មីៗនេះ ភាគីលោក Erik Ten Hag កំពុងដុតដៃដុតជើងចរចាទិញយក Antony ពី Ajax ដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏រំអុកចង់ផ្លាស់មកទឹកដី Old Trafford ដែរ។
មានពាក្យចចាមអារ៉ាមថា Antony ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester Unitef រួចរាល់ហើយដែរ។
ដូច្នេះ លោក Ten Hag បានគិតទុករួចជាស្រេចថាចង់ឲ្យ Elanga ចាកចេញពីក្លិបដើម្បីស្វែងរកនាទីលេងទៀងទាត់នៅក្លិបផ្សេងក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករវ័យ២០ឆ្នាំរូបនេះ បានឡើងមកលេងឈុតធំក្រោមការដឹកនាំរបស់លោក Ralf Rangnick កាលពីរដូវកាលមុនខណៈដែល Everton ក៏ចង់បាន Anthony Elanga ដែរប៉ុន្តែ កីឡាកររូបនេះមិនចង់ចែកផ្លូវជាមួយបិសាចក្រហមទេ៕
ប្រភព៖ metro