អឺរ៉ុប៖ ក្លិបហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងបានយ៉ាងល្អឥតខ្ចោះទល់នឹង FC Porto ក្នុងការប្រកួតយប់មិញនេះនៃព្រឹត្តិការណ៍ Champions League។
ជាការពិតណាស់ នៅក្នុងវគ្គទី១ ចាប់ផ្តើមបានតែ១៨នាទីប៉ុណ្ណោះ កំពូលខ្សែប្រយុទ្ធប្រើប្រាស់ជើងឆ្វេង Mohamed Salah បានបើកគរណីមុនឲ្យក្រុមភ្ញៀវ មុនពេលដែលដៃគូដៃកង់ Sadio Mane បានបន្ថែមមួយគ្រាប់ទៀតនៅក្នុងនាទី៤៥ មុនបញ្ចប់តង់ទី១។
លុះឈានចូលវគ្គទី២ Liverpool មិនបន្ធូរបន្ថយក្នុងការវាយសម្រុកឡើយ ដោយ Salah ដដែលបានរកគ្រាប់បាល់ទីពីររបស់ខ្លួនប្រចាំការប្រកួតដើម្បីបង្កើតការនាំមុខឲ្យហង្សក្រហមដល់ទៅបីគ្រាប់គិតត្រឹមនាទីទី៦០។ ឈានដល់នាទីទី៧៥ កីឡាករសញ្ជាតិអ៊ីរ៉ង់ Mehdi Taremi ក៏បានស៊ុតមួយគ្រាប់វាយមកឲ្យ Porto ប៉ុន្តែ អ្វីដែលធ្ងន់ធ្ងរនោះ គឺ ត្រឹមរយៈពេលបួននាទីពោលនាទីទី ៧៧ និង ៨១ កីឡាករ Roberto Firmino រកបានគ្រាប់បាល់ដល់ទៅពីរគ្រាប់ និង បានជួយ Liverpool បំបាក់ Porto យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់នឹង១៕