បរទេស៖ បញ្ហាអត្តចរិក និង ការបង្ហាញកាយវិការមិនសមរម្យរបស់កីឡាករ Emiliano Martinez ក្រោយឈ្នះពាន World Cup ឆ្នាំ២០២២ បានធ្វើឲ្យអ្នកចាត់ការក្លិប Aston Villa លោក Unai Emery ពិចារណាលក់អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញ។
ជាក់ស្ដែងបើតាមកាសែត FootballEspana លោក Emery ហាក់អស់ចិត្តនឹងអ្នកចាំទីរបស់លោក ក្រោយមើលឃើញគេ ធ្វើទង្វើរមិនសមរម្យក្រោយទទួលពានស្រោមដៃមាសនៅព្រឹត្តិការណ៍ World Cup ។
ជាមួយគ្នានេះសហព័ន្ធកីឡាបាល់ទាត់ប្រទេសបារាំង ក៏បានដាក់ពាក្យបណ្ដឹងទៅ FIFA ជុំវិញ អាកប្បកិរិយា របស់ Martinez ផងដែរ បន្ទាប់ពីអ្នកចាំទី វ័យ៣០ឆ្នាំរូបនេះ តែងធ្វើការឌឺដងចំៗទៅលើខ្សែប្រយុទ្ធKylianMbappe ម្ដងហើយម្ដងទៀត បន្ទាប៉ពីបញ្ចប់ព្រឹត្តិការណ៍ World Cup ។
ប្រភពពី FootballEspana បានបន្ថែមទៀតថា អ្នកចាត់ការក្លិប Aston លោក Emery មានបំណងលក់អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះឲ្យបានឆាប់តាមដែលអាចធ្វើបាន បើទោះជារូបគេ លេងបានល្អជួយអាហ្សង់ទីនលើកពាន World Cup ក៏ដោយ៕