អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា មានបំណងចង់បាន Erling Haaland មករួមក្រុមនៅរដូវកាលក្រោយ ហើយ ក្លិបជឿជាក់ ថា វត្តមានរបស់ Cristiano Ronaldo នឹងអាចជួយបញ្ចុះបញ្ចូលឲ្យខ្សែប្រយុទ្ធវ័យក្មេងខាងលើផ្លាស់មកកាន់កីឡដ្ឋាន Old Trafford បាន។
ជាការពិតណាស់ នាពេលថ្មីៗនេះ Man Utd បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់របស់ Ronaldo មករួមក្រុមជាលើកទីពីរក្រោយចែកផ្លូវគ្នារយៈពេល១២ឆ្នាំ ហើយ កីឡាករវ័យ៣៦ឆ្នាំខាងលើបានសម្រេចចិត្តចុះកុងត្រាចំនួនពីរឆ្នាំដែលធ្វើឲ្យរូបគេក្លាយទៅជាកីឡាករទទួលបានប្រាក់ពលកម្មថ្លៃជាងគេបំផុតប្រចាំក្របខណ្ឌ Premier League។
យ៉ាងណាក្តី ទោះបីជាទទួលបាន Ronaldo ពិតមែន ក៏ Man Utd នៅតែបន្តស្វះស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីធ្វើការប្រជែងជាមួយក្លិបធំៗនៅក្នុងតំបន់អឺរ៉ុបតាមរយៈការចុះហត្ថលេខាទិញយក Haaland ពី Borussia Dortmund នារដូវកាលក្រោយ ខណៈ កីឡាករសញ្ជាតិន័រវ៉េខាងលើធ្លាក់តម្លៃខ្លួនផ្តាច់កុងត្រាត្រឹម៦៨លានផោន (ឬប្រមាណ៩៣លានដុល្លារ) ក្រោយបញ្ចប់រដូវកាលនេះ។
បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN បានលើកឡើងថា Man Utd ជឿជាក់ថា ការដោះដូរនេះមានភាគរយខ្ពស់ក្នុងការកើតឡើង ដោយសារ Haaland ជា អ្នកគាំទ្ររបស់ Ronaldo ដូច្នេះរូបគេច្បាស់ជាមានបំណងចង់លេងជាមួយនិមិត្តរូបរបស់គេជាមិនខានដែលជាឱកាសដ៏កម្រ៕
ប្រភព៖ metro