អេស្ប៉ាញ៖ ពេលវេលាសម្រាប់កីឡាករសញ្ជាតិហូឡង់Luuk de Jong នៅឯក្លិប Barcelona ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ដោយសារក្លិបយក្សរបស់អេស្ប៉ាញមួយនេះជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធរូបនេះ ទៅកាន់ក្លិប Cadiz ហើយ។
ខណៈរឿងតែមួយគត់មិនទាន់សម្រេចបាននោះគឺមិនទាន់ទទួលបានការព្រមព្រៀង ពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះផ្ទាល់។
សារព័ត៌មាន MundoDeportivo បានឲ្យដឹងដែរថា ទីបំផុតគ្រូបង្វឹករបស់ក្រុមCadizគឺលោក Alvaro Cervera នឹងទទួលបាន De Jong ជាកីឡាករដែលលោកចង់បានយូរមកហើយ។ ទោះបីមានពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះបានលើកឡើងថា ខ្សែប្រយុទ្ធ Diogo Costa អាចនឹងមកចូលរួមក្លិប Cadiz ផងដែរ ប៉ុន្ដែវាហាក់ដូចជាមិនអាចកើតឡើងឡើយ ដោយសារពេលនេះក្លិបរកខ្សែប្រយុទ្ធដែលពួកគេចង់បានហើយ។
សូមបញ្ជាក់ថា DeJong បានមកដល់ Barcelona នាចុងទីផ្សារដោះដូរកីឡាករដូវក្ដៅកន្លងទៅគឺកំលុងពេលលោក Ronaldo Koeman ដឹកនាំ។ ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ ហាក់ដូចជាមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកXavi ដែលជាគ្រូបង្វឹកថ្មីឡើយ ពោលទើបចូលលេងបាន ៨នាទីប៉ុណ្ណោះ តាំងពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមកដឹកនាំ៕
ប្រភព៖ marca