បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២២ ក្រុម Barcelona បានធ្វើការប្រកួតតទល់នឹងក្រុម Real Madrid នៅកីឡដ្ឋាន King Fahd International របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត នៃពានរង្វាន់ Supercopa de Espana។
ជាការពិតណាស់ Real Madrid នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយកាលពីយប់មិញនេះពួកគេបានទទួលជ័យជម្នះទៅលើក្រុម Barcelona ក្នុងលទ្ធផល ៣ ទល់នឹង ២។ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមអធិរាជសទទួលបានកៅអីគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ដោយឡែកក្រុមអ្នកមានបុណ្យគឺត្រូវហាលអាវទៅផ្ទះវិញត្រឹមនេះហើយ។
យ៉ាងណាមិញ ជំនួបរបស់ក្រុមទាំង ២ ពិតជាស៊ុតគ្នាទៅវិញទៅមកស្វិតស្វាញមែនទែន, ក្នុងនោះ ២ គ្រាប់របស់ Barca គឺរកបានដោយ Luuk de Jong នៅនាទីទី ៤១ និង Ansu Fati នៅនាទីទី ៨៣, ចំណែក ៣ គ្រាប់របស់ R. Madrid គឺរកបានដោយ Vinicius J.R នៅនាទីទី ២៥, Benzema នៅនាទីទី ៧២ និងគ្រាប់ចុងក្រោយរកបានដោយ Valverde នៅនាទីទី ៩៨។
គួរបញ្ជាក់ថា ដៃគូដែលនឹងត្រូវជួបគ្នាជាមួយ R. Madrid នៅវគ្គផ្តាច់ព្រ័ត្រគឺត្រូវរង់ចាំការប្រកួតរវាងក្រុម Atletico Madrid ទល់នឹង Athletic Club នៅយប់នេះសិន ដោយពួកគេនឹងតទល់គ្នានៅកីឡដ្ឋាន King Fahd International របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដដែល និងពេលវេលាដដែលផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖