តួកគី៖ ក្លិប Everton បានសម្រេចឲ្យ ខ្សែបម្រើ Dele Alli ទៅចូលរួមជាមួយក្លិប Besiktas នៃលីគកំពូលតួកគី ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពេញ ព្រមជាមួយលក្ខខណ្ឌអាចទិញយកគេផ្ដាច់។
Alli ទើបតែផ្ទេរមក Everton នៅឆ្នាំ២០២២នេះទេក្រោយចាកចេញពីក្លិប Tottenham Hotspur ដោយគេបានបង្ហាញខ្លួន១៣ប្រកួតឲ្យ Everton ។
មូលហេតុដែល Everton ប្រញាប់ដាក់គេឲ្យក្លិប Besiktas ខ្ចីជើងនេះគឺដោយសារបើ Alli លេងឲ្យក្លិបបាន២០ប្រកួតនោះ ក្លិបនឹងត្រូវបង់ប្រាក់ជាង១០លានផោន(ស្មើនឹងប្រមាណ ១១.៨ លានដុល្លារ) ទៅឲ្យ Tottenham Hotspur ។
គួរបញ្ជាក់ផងដែរថា Dele Alli ត្រូវបានគេស្គាល់ថាជាកីឡាករឆ្នើមមួយរូបកាលជំនាន់លោក Mauricio Pochettino នៅដឹកនាំ Spurs ដោយរកបាន៦៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៦៩ប្រកួតផងដែរ៕
ប្រភព៖ metro