បរទេស៖ វាជាដំណឹងដ៏ក្រៀមក្រំសម្រាប់មនុស្សម្នានៅជុំវិញពិភពលោក ជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងប្រជាជនប្រេស៊ីលផ្ទាល់ បន្ទាប់ពីវីរបុរសលោក Pele បានទទួលមរណៈភាពក្នុងវ័យ ៨២ ឆ្នាំ ដោយសារតែរោគាពាធ។
លោក Pele គឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យ Albert Einstein ដែលមានទីតាំងនៅទីក្រុង Sao Paulo កាលពីយប់ថ្ងៃទី ២៩ ខែ វិច្ឆិកា ហើយលោកក៏បានទទួលអនិច្ចកម្មនៅថ្ងៃទី ៣០ រំលងមួយថ្ងៃបន្ទាប់ ដោយសារជម្ងឺមហារីកពោះវៀនធំ។
យ៉ាងណាមិញ លោក Pele គឺទទួលបានការគោរពជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក និងប្រជាជនប្រេស៊ីលផ្ទាល់ ដោយលោកបានសាងសមិទ្ធផលជាច្រើនជូនក្រុម សាំបា។
នៅក្នុងអាជីពរបស់លោក Pele គឺលោកមិនដែលបានលេងនៅតំបន់អឺរ៉ុបនោះទេ ក្នុងនោះលោកធ្លាប់លេងឱ្យក្លិបតែ ២ ប៉ុណ្ណោះ គឺក្លិប Santos FC និង NY Cosmos របស់សហរដ្ឋអាមេរិក។
បើយើងក្រឡេកទៅមើលការលេងតំណាងជាតិវិញ គឺលោកពិតជាជោគជ័យមែនទែន ដោយលោកបានជួយឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល ឈ្នះពាន World Cup ៣ ដង ពោលគឺនៅក្នុងឆ្នាំ ១៩៥៨, ១៩៦២ និង ១៩៧០។
ហើយនៅក្នុងអាជីពរបស់លោក គឺលោករកបានគ្រាប់បាល់សរុបចំនួន ១២៨២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៦៦ ប្រកួត, និងរកបាន ៧៧ គ្រាប់ឱ្យក្រុម សាំបា។