អង់គ្លេស៖ ក្លិប Manchester United ត្រូវបានកាសែត talkSPORT រាយការណ៍ថាចាប់អារម្មណ៍ចង់បានខ្សែបម្រើ Alex Oxlade-Chamberlain ពីក្លិបហង្សក្រហម Liverpool នៅរដូវក្ដៅនេះ។
កីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវបានលោក Jurgen Klopp ដកចេញពីជម្រើស១១នាក់ដំបូងបន្ទាប់ពីរងរបួស ហើយ Liverpool ទំនងជាចង់លក់គេចេញនៅរដូវក្ដៅនេះហើយ។
Oxlade-Chamberlain បង្ហាញខ្លួនបានតែ២៩ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន ដែលក្នុងនោះជាប់ជម្រើស១១នាក់ដំបូងតែ១៧ប្រកួត ដោយគេរកបាន៣គ្រាប់និងបញ្ជូនបាល់៣គ្រាប់។
យ៉ាងណាមិញ Manchester United បានសម្លឹងឃើញសមត្ថភាពរបស់កីឡាករសញ្ជាតិអង់គ្លេសម្នាក់នេះដោយសារ Liverpool ដាក់តម្លៃខ្លួនគេធូរថ្លៃណាស់គឺតែ ១០លានផោន(ស្មើនឹងប្រមាណ ១២.៣ លានដុល្លារ)ប៉ុណ្ណោះ។
Alex Oxlade-Chamberlain នៅសល់កុងត្រាស្នាក់នៅទឹកដី Anfield តែ១រដូវកាលទៀតប៉ុណ្ណោះ ហើយ Liverpool ទំនងជាមិនបន្តកុងត្រាថ្មីដល់រូបគេឡើយ។
គួរបញ្ជាក់ផងដែរថា ការផ្ទេរនៅតែលំបាកសម្រាប់ Manchester United ព្រោះ Liverpool មិនចង់លក់កីឡាកររបស់ខ្លួនឲ្យក្លិបគូប្រជែងមួយនេះទេហើយ Phil Chisnall ជាកីឡាករចុងក្រោយគេបង្អស់ដែលចាកចេញពី Man United និងផ្ទេរមក Liverpool នៅឆ្នាំ១៩៦៤ ៕
ប្រភព៖ sportskeeda