បរទេស៖ ក្លិប Barcelona នឹងតែងតាំងឲ្យ Robert Lewandowski មានតួនាទី ដូចវីរបុរសក្លិប កីឡាករ Lionel Messi ប្រសិនបើគេបានមកចូលរួមនៅកីឡដ្ឋាន Camp Nou មែននោះ។
ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។ លើសពីនេះផងដែរ ក្លិប Bayern កំពុងតែតាមចងជើង Lewandowski ដូចគ្នា ក៏ប៉ុន្តែ ដោយសារការចរចារគ្នាពុំត្រូវ ទើបធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមខាងលើ ប្តូរចិត្តចង់រកទ្រនំថ្មី ស្របពេលដែល ក្លិប Barca កំពុងតាមចែចូវគេ យ៉ាងស្អិតរមួតផងដែរ។
បើយោងទៅតាមសារកាសែត Diario Sport បានចុះផ្សាយឲ្យដឹងថា ក្លិប Barca នឹងផ្តល់តួនាទីឲ្យ Lewandowski ដូចទៅនឹង Messi នៅ Barca ពោលគឺ Lewandowski នឹងទទួលបានតួនាទីជា អ្នកដឹកនាំក្រុម មិនថា នៅលើទីលាន ឬ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេ គឺ Lewandowski នឹងត្រូវរ៉ាប់រ៉ង មិត្តរួមក្រុមទាំងអស់ បើគេបានមក Camp Nou៕
ប្រភព៖ Mirror