អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា មានឱកាសក្នុងការផ្ទេរយកខ្សែបម្រើ SaulNiguez តាមរយៈការដាក់កីឡាករ Bernardo Silva ទៅឲ្យក្លិប Atletico Madrid ជាថ្នូរដោះដូរ។
Saul ត្រូវបានគេមើលឃើញថាមិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងជម្រើសដំបូង សម្រាប់ At. Madrid នោះឡើយ កាលពីរដូវកាលមុន ដោយចូលលេងជម្រើសដំបូងបានត្រឹម២២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតក្នុងលីគ៣៨លើក ខណៈក្លិបយក្សអេស្ប៉ាញ មានគម្រោងបញ្ចេញខ្សែបម្រើរូបនេះក្នុងតម្លៃសមរម្យណាមួយនៅទីផ្សាររដូវក្ដៅខាងមុខ។
ខណៈកីឡាករ Silva គឺជាកូនសោរសំខាន់សម្រាប់ Man City នៅក្របខណ្ឌ Champions League កាលពីរដូវកាលមុនប៉ុន្តែផ្ទុយទៅវិញ នៅក្នុងលីគ គេបែរជាមិនសូវបានលេងជាប់លាប់ និងត្រូវបានគេរាយការណ៍មកថាមានឈ្មោះក្នុងបញ្ជីផ្ទេរចេញ របស់ Man City ទៀតផង។
បើយោងតាមកាសែត The Times ជម្រើសជាតិព័រទុយកាល់ Silva ពិតជាមានបំណងចង់បញ្ចប់ការស្នាក់នៅទឹកដីEtihad នៅរដូវក្ដៅនេះ ខណៈក្លិប At. Madrid មានចំណាប់អារម្មណ៍ផ្ទេរយកអតីតខ្សែបម្រើក្រុម Monaco រូបនេះ។
ប្រភពដដែលបន្ថែមថា លទ្ធភាពក្នុងការដោះដូរយកSilva តាមរយៈការផ្ដល់ Saulទៅឲ្យ Man City អាចនឹងទៅរួច។
គួរបញ្ជាក់ដែរថា ទាំង Silva និង Saul សុទ្ធសឹងតែនៅសល់កុងត្រារយៈពេលយូរទៀតជាមួយក្លិបរបស់ពួកគេជាក់ស្ដែង Silva មានកុងត្រាជាមួយ Man City ដល់ឆ្នាំ២០២៥ ចំណែកឯ Saul ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៦ទើបផុតកុងត្រា៕
ប្រភព៖ sportsmole