អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Sevilla បានដាក់សំណើកុងត្រារយៈពេល៥ឆ្នាំ ដើម្បីនាំយកខ្សែការពារSergio Ramos ពី Real Madrid វិញ។
Ramos វ័យ៣៥ឆ្នាំ គឺជាកីឡាករដែលបណ្ដុះចេញពីយុវជនថ្នាលរបស់Sevilla និងត្រូវបានដំឡើងចូលលេងឈុតធំផងដែរ មុននឹងផ្លាស់ទៅReal Madrid ក្នុងឆ្នាំ២០០៥។
យ៉ាងណាមិញក្រោយចំណាយពេល១៦ឆ្នាំចុងក្រោយជាមួយ Real Madrid ពេលនេះ អនាគតរបស់ Ramos ជាមួយក្លិបជើងឯកChampions League បានឈានដល់ភាពស្រពេចស្រពិលហើយដោយកុងត្រារបស់គេ នៅទឹកដី Bernabeu ត្រូវផុតសុពលភាពនាដំណាច់ខែមិថុនានេះ ខណៈការចរចារវាងក្លិប និង កីឡាករ មិនទាន់រកចំណុចព្រមព្រៀងឃើញនៅឡើយទេ។
ជាមួយគ្នានេះបើយោងតាមរបាយការណ៍របស់កាសែតអេស្ប៉ាញ El Primer Palo បានឲ្យដឹងថា ក្លិប Sevilla បានដាក់សំណើរយៈពេល៥ឆ្នាំដល់ខ្សែការពារវ័យចំណាស់ខាងលើនេះ ក្នុងនោះគេទទួលបានថ្លៃនឿយហត់ ចំនួន៦លានផោន (ឬប្រមាណ៨,៤លានដុល្លារ) ក្នុង១ឆ្នាំ។ បើតាមសំណើដែល Sevilla ផ្ដល់ជូន ឃើញថា ប្រសិនបើគេយល់ព្រម នោះនឹងត្រូវលេងរហូតដល់វ័យ៤០ឆ្នាំឯណោះ៕
ប្រភព៖ AF