បរទេស៖ ក្រុមអ្នកមាន Paris Saint-Germain កំពុងពិចារណាលើការនាំយកលោក Zinedine Zidane មកដឹកនាំក្រុម ខណៈដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Mauricio Pochettino អាចពីក្លិប។
ទោះបីជាទើបតែបានកាន់តំណែងនៅ Parc des Princes ក្នុងខែមករាក៏ដោយក៏ Pochettino ត្រូវបានផ្សារភ្ជាប់រួចទៅហើយជាមួយនឹងការចាកចេញពីក្លិបយក្សបារាំងមួយនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមតំណែងជើងឯក Champions League ឬ Ligue 1 កាលពីរដូវកាលមុន។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេគិតថាស្ថិតក្នុងបញ្ជីសម្រាំងដើម្បីត្រលប់ទៅកាន់ក្លិបចាស់ Tottenham Hotspur វិញ ទោះបីជា PSG ត្រូវបានគេរាយការណ៍ថាមិនមានចំណាប់អារម្មណ៍ក្នុងការពិភាក្សាអំពីការចាកចេញដែលអាចកើតមានឆាប់ៗនេះក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពពីកាសែត Le 10 Sport បានអះអាងថា PSG កំពុងរៀបចំផែនការបន្តរួចហើយប្រសិនបើ Pochettino ចង់ចាកចេញនោះ ខណៈដែលអតីតគ្រូបង្វឹក Real Madrid លោក Zidane គឺជាបេក្ខភាពដែលអាទិភាពបំផុតក្នុងការមកដឹកនាំក្រុម ។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានលាលែងពីដំណែងជាលើកទី២នៅពេលចប់រដូវកាល ហើយគាត់ត្រូវបានគេយល់ថាអាចនឹងវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកវិញនៅពេលឆាប់ៗនេះ៕