អឺរ៉ុប៖ ខ្សែការពារកណ្តាលក្លិប Napoli កីឡាករ Kalidou Koulibaly ត្រូវបានគេរាយការណ៍ថា បានប្រាប់ក្លិបអំពីបំណងចាកចេញ ដើម្បីផ្លាស់ទៅកាន់ Barcelona សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ។
ជាការពិតណាស់ Koulibaly ដែលបច្ចុប្បន្នមានវ័យ៣០ឆ្នាំ បានក្លាយជាកម្លាំងស្នូលរបស់ Napoli តាំងពីឆ្នាំ២០១៤ បើគិតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ ដែលរូបគេបានរួមរស់ជាមួយក្លិប។ រយៈពេលប៉ុននេះហើយ ដែលធ្វើឲ្យគេគិតថា រូបគេចង់ចាកចេញដើម្បីស្វែងរកបទពិសោធន៍ថ្មីជាមួយក្លិបផ្សេងវិញម្តង។
បើយោងទៅតាមកាសែតកីឡា CalcioNapoli24 បានលើកឡើងថា Barcelona កាន់តែមានសង្ឃឹមក្នុងការនាំយក Koulibaly មកកាន់កីឡដ្ឋាន Camp Nou បន្ទាប់ពីខ្សែការពារសញ្ជាតិសេណេហ្គាល់ខាងលើ កំពុងរំអុកក្លិបឲ្យលក់រូបគេ ខណៈ កុងត្រារបស់គេនឹងអស់សុពលភាពនាបំណាច់រដូវកាលក្រោយ៕
ប្រភព៖ sportskeeda