អីយ៉ាស! Kante កៀកនឹងឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះហើយ - TrueID

អីយ៉ាស! Kante កៀកនឹងឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះហើយ

December 20, 2022

បរទេស៖ ខ្សែបម្រើ N'Golo Kante ត្រូវបានគេរាយការណ៍ថា កំពុងខិតជិតនឹងយល់ព្រមលើកិច្ចព្រមព្រៀងទុកមុន ជាមួយក្លឹប Barcelona នៅពេលឆាប់ៗនាខែមករាខាងមុខ ដោយអ្នកចាត់ការលោក Xavi កំពុងសម្លឹងមើលលទ្ធភាព ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងដើម្បីពង្រឹងតំបន់បម្រើរបស់គាត់នៅរដូវកាលក្រោយ។

យោងតាមសារព័ត៌មានអេស្ប៉ាញ Sport ខ្សែបម្រើរបស់ Chelsea ខាងលើ ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបយក្សតំបន់កាតាឡាន់ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន Stamford Bridge នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។

ដោយសារបញ្ហារបួស​ បានធ្វើឲ្យ Kante ខកខានមិនបានចូលរួមជាមួយក្រុមជម្រើសជាតិបារាំង ធ្វើដំណើរទៅប្រកួត World Cup នៅប្រទេសកាតា ប៉ុន្តែបញ្ហារបួសនោះ មិនបានរារាំងគាត់ពីការផ្សាភ្ជាប់ ជាមួយ Barca ឡើយ ។

ស្របពេលដែលកុងត្រាបច្ចុប្បន្ន នៅមានសុពលភាពត្រឹមរយៈពេល៦ខែទៀត Kante ត្រូវបានគេគិតថាចង់ដោះស្រាយបញ្ហា អនាគតរបស់គាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយដូច្នេះទើបអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយ Barcelona ក្នុងខែមករា។

ដោយឡែក សម្រាប់ Chelsea ក៏ចង់ចងជើង ​Kante ទុកផងដែរ ដោយពួកគេត្រូវ​បាន​រាយការណ៍មក​ថា​កំពុង​តែ​ ត្រៀមចរចាកុងត្រា​រយៈពេល​ពីរ​ឆ្នាំ​ទៀត ឲ្យខ្សែប​ម្រើរហស្សនាមសួតដែក បន្តស្នាក់នៅ​កីឡដ្ឋាន Stamford Bridge ។

ប្រភពដដែលពីកាសែត Sport បានបន្តឲ្យដឹងទៀតថា ការពិភាក្សារវាង Kante ជាមួយក្លឹបយក្សកាតាឡានកំពុងមានដំណើរការល្អ ដោយនាយកផ្នែកកីឡាបាល់ទាត់របស់ Barca លោក Mateu Alemany បានរ៉ាប់រងលើ ការពិភាក្សាដោយផ្ទាល់ជាមួយកីឡាករវ័យ៣១ឆ្នាំ តែម្ដង។

គួរបញ្ជាក់ដែរថា Kante មិនមែនជាជម្រើសគោលដៅតែមួយគត់របស់ Barca នោះទេ ដោយលោក Xavi ក៏សម្លឹងឃើញខ្សែបម្រើ៤រូបទៀត រួមមាន Youri Tielemans របស់ Leicester City, Ruben Neves របស់​ Wolves,  Martin Zubimendi របស់ Real Sociedad  និង Jorginho មិត្តរួមក្រុមនៅ Chelsea របស់ Kante ៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...