អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ ខ្សែបម្រើ Jesse Lingard បានប្រាប់លោកគ្រូបង្វឹក Ole Gunnar Solskjaer ថា គេចង់បន្តស្នាក់នៅជាមួយ Manchester United បើទោះបីជា West Ham ចង់ទិញគេផ្ដាច់ក៏ដោយ។
Lingard ទើបតែផ្ទេរទៅលេងខ្ចីជើងនៅ West Ham កាលពីខែមករា កន្លងទៅប៉ុន្តែគេបានទទួលចំណាប់អារម្មណ៍ច្រើនដោយសារទម្រង់លេងល្អដោយរកបានដល់ទៅ៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៦ប្រកួតដែលបានធ្វើឲ្យគេត្រូវលោកគ្រូបង្វឹក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសទៀតផង។
West Ham ត្រូវបានគេរាយការណ៍ថាចង់ទិញកីឡាករវ័យ២៨ឆ្នាំរូបនេះផ្ដាច់តែម្ដង ស្របពេល Manchester United ក៏កំពុងសម្រេចចិត្តលើអនាគតគេផងដែរ។
យោងតាមសារព័ត៌មាន The Sun គឺ Jesse Lingard បានជួបជាមួយលោកគ្រូ Solskjaer និងបានប្រាប់គ្រូថាគេចង់ស្នាក់នៅ Man UTD បន្តទៀតបន្ទាប់ពីវិលត្រឡប់ពីខ្ចីជើងនៅ West Ham។
ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា Man UTD នឹងសម្រេចបែបណាលើអនាគតរបស់ Lingard ព្រោះទោះគេលេងល្អក៏ពិបាកនឹងជាប់ជម្រើស១១នាក់ដំបូងណាស់ក្នុងពេលដែលក្រុមសំបូរខ្សែបម្រើឆ្នើមៗទៅហើយ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Lingard លេងនៅ Manchester United តាំងពីឆ្នាំ២០០០នៅពេលដែលគេមានអាយុត្រឹមតែ៨ឆ្នាំ និងធ្លាប់ត្រូវក្លិបដាក់ឲ្យខ្ចីជើងនៅLeicester City,Birmingham City , Brighton & Hove Albion, Derby County និង West Ham United ជាដើម៕
ប្រភព៖ metro