ឡាប៉ាស៖ អតីតខ្សែបម្រើអន្តរជាតិអាហ្សង់ទីនកីឡាករDiegoCagna ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លិបកំពូលរបស់ប្រទេសបូលីវីគឺក្លិប Wilstermannសម្រាប់រដូវកាលនៅសល់ឆ្នាំ ២០២១ ។
បុរសវ័យ ៥១ឆ្នាំរូបនេះបានជំនួសលោក MauricioSoria ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃច័ន្ទបន្ទាប់ពីទទួលបានលទ្ធផលមិនល្អ។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“យើងមានការពេញចិត្តយ៉ាងខ្លាំងក្នុងការបង្ហាញឈ្មោះអ្នកចាត់ការថ្មីរបស់យើងគឺលោក Diego Cagna ដែលថ្ងៃនេះនឹងចាប់ផ្តើមធ្វើការដើម្បីនាំយើងទៅកាន់កំពូលតារាងដែលជាកម្មសិទ្ធិរបស់យើងពីមុន”។
ការដឹកនាំការប្រកួតដំបូងរបស់លោកCagna នឹងត្រូវទៅលេងនៅទឹកដីក្លិបAtletico Palmaflor នៅវគ្គបែងចែកកំពូលរបស់បូលីវីនៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លិប Wilstermann កំពុងឈរនៅចំណាត់ថ្នាក់លេខ១៤ ក្នុងតារាងប្រគួតនៃក្រុមទាំង ១៦ ដោយឈ្នះតែ ១ លើកគត់ពីការប្រកួត ៥ លើក។
លោក Cagna បានបាត់បង់ការងារតាំងពីចែកផ្លូវគ្នាជាមួយក្លិបInstituto Cordoba របស់ប្រទេសអាហ្សង់ទីនក្នុងឆ្នាំ២០១៩ ។ ហើយក្នុងនាមជាកីឡាករម្នាក់គាត់ធ្លាប់បានលេងឱ្យក្លិប Boca Juniorsនិង Villarreal ក្នុងចំណោមក្លឹបផ្សេងទៀតនិងត្រូវបានគេជ្រើសរើសឲ្យចូលរួមប្រគួតចំនួន១៩ លើកផងដែរសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន៕
ប្រភព៖ Xinhua News