បរទេស៖ ក្លិប Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការខ្ចីជើងខ្សែបម្រើសញ្ជាតិ ព័រទុយកាល់Renato Sanches ពីក្រុម Lille ហើយ, ទោះបីជាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ទើបតែជោគជ័យចំពោះការវះកាត់ជង្គង់របស់គេកំលុងពេលថ្មីៗនេះក៏ដោយ។
Sanches បានចាប់ផ្តើមអាជីពជាមួយក្រុមLille ដោយផ្ទេរចេញពីក្រុម BayernMunich នៅឆ្នាំ ២០១៩។ ហើយគាត់បានចូលរួមជាមួយក្រុម BayernMunich នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៥ លានអឺរ៉ូ ឬប្រមាណជា (៤១លានដុល្លាអាមេរិក) ដែលពេលនោះគាត់នៅជាយុវជននៅឡើយ។
Sanches បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុម Lille ឈ្នះជើងឯក Ligue1 កាលពីរដូវកាលមុន, ក្រោយមករូបគេក៏ត្រូវបានក្លិបធំៗនៅPremier League ជាច្រើនចាប់អារម្មណ៍។ ជាមួយគ្នានេះក្លិប Liverpool ត្រូវបានគេរំពឹងថានឹងមានភាគរយខ្ពស់ជាងគេសម្រាប់ការចុះកុងត្រាយកខ្សែបម្រើរូបនេះ, ខណៈក្រុម Arsenal ក៏បានបង្កើតទំនាក់ទំនងចង់បានរូបគេដូចគ្នា ប៉ុន្តែក្រោយមកក្រុមកាំភ្លើងធំក៏បាននាំចូល Abert Sambi Lokonga និង MartinOdegaard ជំនួសវិញ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍របស់90min បានឱ្យដឹងថា ក្លិប Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការខ្ចីជើង Sanches ពីក្រុម Lille ហើយ។ ប៉ុន្តែក្នុងពេលដំណាលគ្នានេះអាចនឹងមានបញ្ហាខ្លះៗ ដោយសារតែខ្សែបម្រើរូបនេះទើបតែធ្វើការវះកាត់ជង្គង់រួចរាល់ដូច្នេះគេត្រូវតម្រូវឱ្យគាត់សម្រាក ២ ទៅ ៣ សប្តាហ៍សិន៕
ប្រភព៖ 90min