បរទេស៖ ខ្សែការពារ Eric Bailly របស់ Manchester United បានយល់ព្រមចូលរួមជាមួយក្លឹបបារាំង Marseille ក្នុងកិច្ចសន្យាខ្ចីជើង អមជាមួយជម្រើសអាចទិញផ្ដាច់។
Bailly វ័យ២៨ ឆ្នាំបានព្រមព្រៀងលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពេញជាមួយក្រុមយក្សនៅក្របខណ្ឌ Ligue 1 ដោយមានលក្ខខណ្ឌ តម្រូវឲ្យ Marseille ទិញខ្សែការពាររូបនេះផ្ដាច់ ប្រសិនបើ Baily ជួយក្រុមប្រជែងបានកៅអី Champions League ឬលេងគ្រប់ចំនួនប្រកួត ជាក់លាក់ណាមួយ។ បន្ថែមពីនេះ Marseille ក៏នឹងរ៉ាប់រងថ្លៃឈ្នួលរបស់ខ្សែការពារដែលមកពីទ្វីបអាហ្វ្រិករូបនេះផងដែរ។
Bailly បានចុះកុងត្រាថ្មីជាមួយ United កាលពីរដូវក្តៅមុន ដែលមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ជាមួយនឹងជម្រើសមួយឆ្នាំទៀត។
ប៉ុន្តែការមកដល់របស់ Lisandro Martinez ក្នុងតម្លៃ៤៧ លានផោនបានរុញច្រានគាត់ឱ្យត្រូវផ្លាស់ទ្រនំថ្មី ដោយសារតែមាន Harry Maguire, Raphael Varane និង Victor Lindelof ជាជម្រើសខ្សែការពារកណ្តាលសម្រាប់អ្នកចាត់ការលោក Erik ten Hag ។
Bailly បានចូលរួមជាមួយ Man Utd ពី Villarreal ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៣០លានផោន ប៉ុន្តែអាជីពរបស់គាត់នៅអង់គ្លេស ត្រូវបានរំខាន ដោយបញ្ហារបួសញាំញី ។ ជាក់ស្ដែងគាត់បង្ហាញខ្លួននៅ Premier League បានត្រឹមតែបួនលើកប៉ុណ្ណោះកាលពីរដូវកាលមុន ៕
ប្រភព៖ theathletic