បរទេស៖ នៅថ្ងៃ អាទិត្យ ទី ១៨ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០ យប់ស្អែកនេះ (កាលបិរច្ឆេទនៅកម្ពុជា) ក្រុមជម្រើសជាតិ បារាំង នឹងត្រូវជួបតទល់គ្នាជាមួយ អាហ្សង់ទីននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup។
ជាការពិតណាស់ ការប្រកួតស្អែកនេះនឹងក្លាយជាការប្រកួតដ៏កក្រើកប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ព្រោះមានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក ដែលកំពុងរង់ចាំការប្រកួតដ៏ធំនេះ ហើយចាំមើលថាតើការប្រកួតស្អែកនេះក្រុមមួយណានឹងក្លាយជាម្ចាស់ពានពិតប្រាកដ។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលប្រវត្តិជួបគ្នាកន្លងមក ដោយដកស្រង់ការប្រកួតទាំងអស់តាំងពីឆ្នាំ ១៩៣០ ដល់ ២០១៨ យើងឃើញថាក្រុម អាហ្សង់ទីន ហាក់ធ្វើបានល្អជាង ដោយជួបគ្នា ១២ លើក ក្នុងនោះ អាហ្សង់ទីន ឈ្នះ ៦, ស្មើ ៣ និង ចាញ់ ៣។