បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Junior ដើម្បីមកជំនួសតំណែងរបស់ Kylian Mbappe ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះចាកចេញ។
Mbappe បច្ចុប្បន្នគឺនៅសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយ PSG ពោលគឺដល់ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេទើបតែបានបន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំបន្ថែមទៀតជាមួយក្លិបអ្នកមាន បារាំង កាលពីរដូវក្តៅមុន។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះស្រាប់តែមានពាក្យចចាមអារ៉ាមថា ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំខាងលើកំពុងមានបំណងចង់ចាកចេញពីទឹកដី Parc des Princes ឆាប់ៗ ដោយសារតែរូបគេមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ន។
ហើយយោងតាមប្រភពនៅបរទេស ដែលដកស្រង់ចាញពីទំព័រ Sportskeeda បានឱ្យដឹងថា PSG កំពុងតែព្យាយាមកំណត់អត្តសញ្ញាណកីឡាករថ្មីទុកឱ្យហើយ ក្នុងការមកជំនួសតំណែងរបស់ Mbappe ប្រសិនបើគេចាកចេញ, ក្នុងនោះ Vinicius របស់ Real Madrid គឺជាគោលដៅដ៏សំខាន់មួយ ដែលក្លិបយក្សប្រចាំ Ligue 1 បានសម្លឹងទុករួចជាស្រេច៕
ប្រភព៖ Sportskeeda