អាស៊ាន៖ ក្រុមជម្រើសជាតិវៀតណាម និង ក្រុមជម្រើសជាតិថៃ ពិតជាបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខ្លាំងមែនទែនក្នុងជំនួបជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup កាលពីយប់មិញ នៅកីឡដ្ឋាន My Dinh របស់ប្រទេសវៀតណាម។
ជាការពិតណាស់ នៅក្នុងវគ្គទី១ គឺ វៀតណាម ហាក់សង្កត់ខ្លាំងមកលើ ក្រុមភ្ញៀវថៃ រហូតរកគ្រាប់បាល់បានពីការតែតបញ្ចូលទីរបស់កីឡាករ Nguyen Tien Linh នៅនាទីទី២៤ និង ជាគ្រាប់បាល់តែមួយគត់ក្នុង៤៥នាទីដំបូង។
លុះឈានចូលដល់វគ្គទីពីរបានតែ៣នាទីប៉ុណ្ណោះ Poramet Arjvirai ក៏បានរកគ្រាប់បាល់តាមស្មើឲ្យថៃ ក្រោយទទួលបានបាល់បញ្ចូនសម្លាប់ល្អមែនទែនពី Theerathon Bunmathan ហើយ មិនទាន់អស់ត្រឹមនេះទេ Theerathon ដដែលក៏បានបញ្ចូនបាល់មួយគ្រាប់ទៀតឲ្យ Sarach Yooyen បើកការនាំមុខវិញនៅនាទីទី ៦៣។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី ៨៨ Vu Van Thanh របស់វៀតណាម បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យពីចម្ងាយមើលសឹងមិនចង់ទាន់ ជួយ វៀតណាម រក្សាបានលទ្ធផលស្មើគ្នា ២ទល់នឹង២ នៃការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ខណៈ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៦ នាទឹកដីថៃវិញ៕