អឺរ៉ុប៖ ក្លិបអ្នកមានបុណ្យ Barcelona និង Manchester City កំពុងទាក់ទងគ្នាទៅមកមិនដាច់ ដោយសារថ្មីៗនេះ កីឡាកររបស់ Manchester City ពីររូបគឺ ខ្សែប្រយុទ្ធ Sergio Aguero និង Eric Garcia សុទ្ធតែផ្ទេរមកទឹកដី Camp Nou ទាំងអស់។
យោងតាមការរាយការណ៍ពី Dario Sport គឺ ទំនាក់ទំនងរវាងក្លិបទាំងពីរពិតជាល្អណាស់និងអាចមានផែនការដោះដូរកីឡាករគ្នានៅរដូវក្ដៅនេះទៀតផង ដោយ Barcelona ចង់បាន កីឡាកររបស់ Man City ពីររូបទៀតគឺខ្សែការពារ Joao Cancelo និង Bernado Silva។
ជាថ្នូរនឹងការយកតារាឆ្នើមពីររូបនេះគឺ Barcelona ព្រមឲ្យ ខ្សែបម្រើ Sergio Roberto និង Ousmane Dembele ទៅឲ្យ Man City ផងដែរ។
Dembele ជាកីឡាករសំខាន់ម្នាក់របស់ Barcelona ប៉ុន្តែគេជិតនឹងផុតកុងត្រាជាមួយក្លិបហើយពោលគឺនៅរដូវកាលក្រោយនេះ ខណៈឮពាក្យចចាមអារ៉ាមថា Dembele ចង់ផ្ទេរទៅ Juventus ឬ PSG ទើបក្លិបចង់លក់គេចេញ។
ចំណែក Sergio Roberto វិញក៏ត្រូវក្លិបសម្រេចចិត្តដាក់លក់គេដែរ ដោយសារតែគេមានប្រាក់ឈ្នួលខ្ពស់ពេកទើបក្លិបដែលកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុស្រាប់មិនអាចផ្ដល់ប្រាក់ឈ្នួលឲ្យបាន។
ចំណែក ខ្សែបម្រើ Bernado Silva និងខ្សែការពារ Joao Cancelo វិញគឺជាកីឡាករសំខាន់របស់ Manchester City ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola ដែលគេដឹងថា Pep មិនចង់បាត់បង់កូនក្រុមទាំងពីររូបនេះឡើយ៕
ប្រភព៖ football-espana